៥ រឿងដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត នៅពេលរស់នៅកូរ៉េក្នុងនាមជាជនបរទេស

៥ រឿងដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត នៅពេលរស់នៅកូរ៉េក្នុងនាមជាជនបរទេស

ការរស់នៅកូរ៉េអាចផ្លាស់ប្តូរជីវិតអ្នកបាន។ អ្នកមកទីនេះ ដើម្បីរកប្រាក់ សន្សំប្រាក់ និងសាងអនាគត។ ប៉ុន្តែជាក់ស្តែង មានមនុស្សជាច្រើនដែលបានបាត់បង់អ្វីៗទាំងនេះ ព្រោះ “ជឿខុសមនុស្ស” ឬ “មិនប្រុងប្រយ័ត្ន”។ នៅប្រទេសបរទេស មិនមែនគ្រប់គ្នាដែលញញឹមដាក់អ្នក សុទ្ធតែមានចិត្តល្អទេ។ មនុស្សខ្លះអាចប្រើភាពមិនដឹងរបស់អ្នក ដើម្បីយកអត្ថប្រយោជន៍ពីអ្នក។

អត្ថបទនេះ មិនមែនដើម្បីបំភ័យអ្នកទេ ប៉ុន្តែដើម្បីឲ្យអ្នក ការពារខ្លួនឯង មុនពេលអ្វីៗយឺតពេល។

១. កុំឲ្យអ្នកណាខ្ចីអត្តសញ្ញាណប័ណ្ណរបស់អ្នក ❌

អត្តសញ្ញាណប័ណ្ណ (ARC) មិនមែនជាកាតធម្មតាទេ។ វាជាជីវិតរបស់អ្នកនៅកូរ៉េ។ មានមនុស្សមួយចំនួននិយាយថា៖ “ខ្ចីបន្តិចបានទេ?” “យកទៅថតតែបន្តិចទេ” ប៉ុន្តែអ្នកមិនដឹងទេថា ពួកគេអាចយកវាទៅធ្វើអ្វីខ្លះ។ ម្តងដែលវាត្រូវបានប្រើសម្រាប់អ្វីមិនល្អ អ្នកអាចជាអ្នកដែលត្រូវទទួលខុសត្រូវ — មិនមែនពួកគេទេ។ ការពារខ្លួន = កុំឲ្យអ្នកណាខ្ចីឡើយ។ គ្មានករណីលើកលែង។

២. កុំចែករំលែកគណនីធនាគារទៅអ្នកដ៏ទៃងាយៗ 💳

“ធ្វើការងាយៗ ទទួលបានប្រាក់លឿន” “គនណីខ្ញុំមានបញ្ហា អោយខ្ចីប្រើគណនីទទួលប្រាក់វេរប្រាក់តិចសិនមក នឹងជូនសារគុណ”

ពាក្យទាំងនេះស្តាប់ទៅល្អ… ប៉ុន្តែវាជាអន្ទាក់។ នៅពេលអ្នកអនុញ្ញាតឲ្យគេប្រើគណនីរបស់អ្នក អ្នកកំពុងបើកទ្វារចូលទៅក្នុងបញ្ហាធំៗ ដោយខ្លួនឯង។

  • លុយអាចជាលុយខុសច្បាប់
  • អ្នកអាចពាក់ព័ន្ធនឹងការបោកប្រាស់
  • ហើយចុងក្រោយ អ្នកជាអ្នកទទួលទោស

ចង់ចាំថា​ ប្រាក់ងាយៗ មិនដែលមានដោយគ្មានហានិភ័យ។

៣. ជៀសវាងអំពើហិង្សា ទោះអ្នកខឹងយ៉ាងណាក៏ដោយ ⚠️

នៅពេលអ្នកត្រូវបានគេមើលងាយ ឬមានជម្លោះ អារម្មណ៍ខឹងអាចធ្វើឲ្យអ្នកចង់ប្រតិកម្មភ្លាមៗ។ ប៉ុន្តែការប្រយុទ្ធ វាយតប មិនដែលជាដំណោះស្រាយល្អទេ។

នៅកូរ៉េ ការវាយប្រហារ ឬ ឈ្លោះគ្នាដោយកំលាំងបាយ ជាបទល្មើស ទោះអ្នកមិនចាប់ផ្តើមក៏ដោយ អ្នកអាចមានបញ្ហាប្រសិនបើអ្នកតបតប្រើកំលាំងបាយ ដោយមិនបានពិចារណា ជាពិសេសសម្រាប់ជនបរទេស បញ្ហាអាចធ្ងន់ជាង។ ការដើរចេញ មិនមែនជាការបរាជ័យទេ — វាជាការពារខ្លួន។

៤. ប្រយ័ត្នបញ្ហាប្រាក់កម្ចី និងការជឿចិត្ត 💸

នៅក្រៅប្រទេស មនុស្សខ្លះក្លាយជាមិត្តលឿន ប៉ុន្តែមិត្តខ្លះ ក៏បាត់ទៅលឿនដូចគ្នា។

👉 បញ្ហាច្រើនកើតឡើងពី

  • ខ្ចីប្រាក់គ្នា
  • ជឿគ្នាលើសកម្រិត
  • មិនមានភស្តុតាងច្បាស់

ពេលមានបញ្ហា អ្នកអាច បាត់ប្រាក់ បាត់មិត្ត ហើយអាចជួបគ្រោះថ្នាក់ផងដែរ កុំប្រើអារម្មណ៍អាណិតអាសូរលើសហេតុផល​ ត្រូវគិតឲ្យបានល្អិតល្អន់។

៥. កុំជឿគេឆាប់ពេក — ត្រូវពិនិត្យមុនជានិច្ច 🔍

មិនមែនគ្រប់គ្នាដែលនិយាយភាសាដូចអ្នក ឬមកពីប្រទេសដូចអ្នក សុទ្ធតែអាចទុកចិត្តបានទេ។ ត្រូវប្រុងប្រយ័ត្នពេល៖

  • មានការងារដែលស្តាប់ទៅល្អពេក
  • មានមនុស្សសន្យាជួយរឿងវីសា ឬឯកសារ មិនយកកម្រៃ
  • មានការផ្តល់ឱកាស “ងាយៗ”

បើវាស្តាប់ទៅល្អពេក — ប្រហែលវាមិនពិតទេ។

🌱 សារចុងក្រោយ

អ្នកមកកូរ៉េ មិនមែនដើម្បីជួបបញ្ហាទេ អ្នកមកដើម្បីបង្កើតជីវិតល្អជាងមុន។ ប៉ុន្តែជីវិតល្អ នឹងមិនកើតឡើង បើអ្នកមិនការពារខ្លួនឯង។

👉 ចូរចងចាំ៖

  • កុំចែករំលែកអ្វីសំខាន់
  • កុំជឿគេឆាប់ពេក
  • កុំធ្វើសេចក្តីសម្រេចដោយអារម្មណ៍

បញ្ហាធំៗ មិនចាប់ផ្តើមពីអ្វីធំទេ វាចាប់ផ្តើមពីការមិនប្រុងប្រយ័ត្នតិចតួច។ សូមសំណាងល្អ ជោគជ័យការងារ។


ការបដិសេធទំនួលខុសត្រូវ

Kombodia មិនមែនជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល និងមិនពាក់ព័ន្ធជាមួយស្ថាប័នរដ្ឋណាមួយឡើយ។ ព័ត៌មានទាំងអស់មានគោលបំណងផ្តល់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ អ្នកប្រើប្រាស់គួរតែផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗជាមួយប្រភពផ្លូវការ។